រថយន្តដឹកជ្រូកចំនួន៣០ក្បាល សង្ស័យនាំមកពីប្រទេសវៀតណាម ត្រូវមន្ត្រីជំនាញបង្ក្រាបបាននៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ រថយន្តដឹកសត្វជ្រូករស់ចំនួន៣០ក្បាល សង្ស័យនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋាន សហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តស្វាយរៀង បានធ្វើការឃាត់រថយន្តដឹកជ្រូកនេះ នាវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បើយោងតាមមន្ត្រីពេទ្យសត្វបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារបង្ក្រាបបទល្មើស ចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយក្រុមការងារ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់និងចាប់រថយន្ត១គ្រឿង ដឹកសត្វជ្រូកចំនួន៣០ក្បាល នៅចំណុចភូមិឃុំខាងលើ។

បើតាមមន្ត្រីពេទ្យសត្វបានឲ្យដឹងថា ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសហការជាមួយ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានឃាត់រថយន្ត១គ្រឿង ដឹកសត្វជ្រូករស់ចំនួន៣០ក្បាល ដែលពាក់ស្លាក 3A-1256។

ប្រភពបន្តទៀតថា ក្រោយពីមន្ត្រីជំនាញឃាត់រថយន្តខាងលើ ដើម្បីសួរនាំរកឯកសារ ដោយអ្នកបើកបររថយន្តដឹកជ្រូកបានប្រាប់ថា គេមានច្បាប់នាំជ្រូកពីប្រទេសថៃ ប៉ុន្តែដោយឯកសារទាំងនោះ មិនគ្រប់គ្រាន់នោះទេ គ្មានប្រភពពីពេទ្យសត្វមូលដ្ឋាន និងសង្ស័យបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទើបក្រុមការងារបាននាំសត្វជ្រូក និងវត្ថុតាងទាំងនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវធីច្បាប់តែម្តង៕

ផ្តល់សិទ្ធិដោយ៖ Freshnews