កម្ពុជារំពឹងនាំចេញផ្លែចេកអំបូងលឿង ដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន១២ម៉ឺនតោននៅឆ្នាំនេះ !

(កំពត)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ កម្ពុជា រំពឹងថា នឹងនាំចេញផ្លែចេកអំបូងលឿង ដោយផ្ទាល់ទៅកាន់ប្រទេសចិន បានចំនួន១២ម៉ឺនតោន ដែលមានក្រុមហ៊ុនចំនួន៥ទទួលបានការអនុញ្ញាតពីប្រទេសចិន ក្នុងការនាំចេញដោយផ្ទាល់។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្រ្តី វេង សាខុន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់ របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក នៅស្រុកឈូក ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ។

លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានបញ្ជាក់ថា ប្រទេសចិន ជាប្រទេសដែលមានតម្រូវការចេកច្រើន ស្មើនឹង៤០ភាគរយនៃពិភពលោក ដែលមានប្រហែលជាង៤លានតោនក្នុងមួយឆ្នាំ ហើយការនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិននេះ ភាគីចិន មិនបានកំណត់កូតានាំចេញចេករបស់កម្ពុជានោះទេ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងកសិកម្ម បាននិងកំពុងខិតខំ ពង្រឹងកិច្ចសហប្រតិបត្ដិការ ជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រ និងវិនិយោគលើគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម ចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ឲ្យសមស្របតាមស្តង់ដារ នៃទីផ្សារនាំចេញ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។

ដើម្បីសម្រេចគោលដៅនេះ លោករដ្ឋមន្រ្តី បានសំណូមពរ បន្តរក្សាកិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយគ្រប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។

លោករដ្ឋមន្ដ្រីកសិកម្ម បានអំពាវនាវឲ្យវិស័យឯកជន ដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញ វត្ថុធាតុដើមដែលនេះ ជាកត្តាមួយដ៏សំខាន់ ក្នុងការបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។

បើតាមលោកប្រធានក្រុមហ៊ុន ឧកញ៉ា ផែ ហុកឈួន ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក បានឲ្យដឹងថា ចំការចេកនេះ មានផ្ទៃដីសរុប១,០០០ហិកតា និងប្រើប្រាស់ទុនវិនិយោគ អស់ជាង៣២លានដុល្លារ។ បច្ចុប្បន្ន ផ្ទៃដីជាង៤០០ហិកតាកំពុង ប្រមូលផល វេចខ្ចប់ និងដំណើរការនាំចេញ ដោយសង្ឃឹមថា ក្នុងឆ្នាំ២០១៩ ចេកស្រស់ប្រមាណជាង២.២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថា បរិមាណនេះ នឹងកើនឡើងដល់ជាង ៣ម៉ឺនតោន។

លោកឧកញ៉ាបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការដាំដុះជំហ៊ានជាបន្តបន្ទាប់រហូតឲ្យគ្រប់ផ្ទៃដី១០០០ហិកតា។

នៅថ្ងៃសម្ពោធរោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែចេកស្រស់លើកដំបូងរបស់កម្ពុជា ទៅកាន់ទីផ្សារចិនផ្ទាល់នេះ ក្រុមហ៊ុន ឡង មេត បានធ្វើការនាំចេញផ្លែចេក៦កុងតឺន័រ ស្មើនឹង១២០តោនផងដែរ។

នាឱកាសនេះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងនាមអាជ្ញាធរដែនដី លោកបានសម្តែងនូវអំណរគុណ ជូនចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគដាំចេកនាំចេញ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជាការប្រើប្រាស់ដីតំបន់នេះ ដែលជាអតីតដីសមរភូមិឲ្យអស់លទ្ធភាព បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

លោក ជាវ តាយ ក៏បានណែនាំ ឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តផ្តល់ការគាំទ្រ និងសហការជាមួយក្រុមហ៊ុន ឲ្យបានកាន់តែល្អប្រសើរថែមទៀត ប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគ៕

ផ្តល់សិទ្ធិដោយ៖ Freshnews