សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅហាត់ប្រាណវាយកូនគោលនៅថ្ងៃសម្រាកចុងសប្តាហ៍នេះ ក្រោយបង្ហើយឯកសារដែលនៅសេសសល់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃសម្រាកចុងសប្តាហ៍ បានអញ្ជើញទៅហាត់ប្រាណ ដោយកីឡាវាយកូនគោល បន្ទាប់ពីសម្តេចប្រឹងបញ្ចប់ការពិនិត្យឯកសារ ដែលនៅសេសសល់រួចរាល់កាលពីម្សិលមិញ។ នេះបើតាម Facebook សម្តេចតេជោ ហ៊ុន សែន ដែលចុះផ្សាយនៅព្រឹកនេះ។

ជាមួយនឹងការហាត់ប្រាណវាយកូនគោលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគត់សម្គាល់ឃើញថា អាកាសធាតុនៅថ្ងៃនេះ មិនសូវជាក្តៅខ្លាំងទេ ព្រោះតែមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ ដែលបានជួយកាត់បន្ថយការខ្វះខាតទឹក របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃសម្រាកសប្តាហ៍នេះ លេងកូនគោលម្តង។ ល្ងាចម្សិញប្រឹងបង្ហើយឯកសារ ដែលនៅសេសសល់ ដើម្បីព្រឹកនេះបានហាត់ប្រាណ ដោយវាយកូនគោល។ ធាតុអាកាសថ្ងៃនេះ មិនក្តៅខ្លាំងទេ ដោយសារបានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ ដែលកាត់បន្ថយបាននូវការខ្វះខាតទឹក នៅកន្លែងជាច្រើននៅទូទាំងប្រទេស។ ជូនពរបងប្អូនរួមជាតិជួបតែសេចក្តីសុខ»៕

ផ្តល់សិទ្ធិដោយ៖ Freshnews