ជនជាតិចិនមួយក្រុម បើករថយន្តប្រដេញគ្នាជ្រុលទៅបុករបងឃាំង និងដើមឈើធ្លាក់ចូលដៃទន្លេ បណ្ដាលឱ្យរថយន្តចខាតយ៉ាងដំណំ (Vidoe inisde)

(ភ្នំពេញ)៖ ជាតិចិនប្រុស-ស្រី៤នាក់ បើករថយន្ត MAZDA ស៊េរីទំនើបមួយគ្រឿង ប្រដេញគ្នាជាមួយរថយន្ត CAMRY យ៉ាងលឿនរួចក៏ជ្រុលទៅបុករបងឃាំង និងដើមឈើមួយដើម ហើយជ្រុលធ្លាក់ចូលដៃទន្លេ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖១០នាទីទាបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 បានបើកបរប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿន រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងឃាំង និងដើមឈើហើយធ្លាក់ចូលទៅក្នុងដៃទន្លេ បណ្ដាលឱ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ និងបែកកង់ខាងស្ដាំទៅមុខលែងរួច ប៉ុន្តែមិនបណ្ដាលឱ្យមាននរណាម្នាក់ រងរបួសនោះទេ។ ចំណែកឯភាគីរថយន្តម្ខាងទៀតមិនបានឈប់ បានបើកចេញពីកន្លែងកើតហេតុចេញទៅបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្ក បានធ្វើការចរាចរជាមួយនឹងម្ចាស់ទីតាំង ដើម្បីធ្វើការសងសំណងទៅលើការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕

ផ្តល់សិទ្ធិដោយ៖ Freshnews