រន្ធត់ណាស់! ចេញពីហូបការនៅកៀនស្វាយ ជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុកស្លាប់ស្ត្រីម្នាក់ភ្លាមៗ ខណៈមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល (Video inside)

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយជនរងគ្រោះចេញពីហូបការគេនៅកៀនស្វាយ នាំគ្នាជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុករះបណ្ដាលឱ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកឯមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ភោគ នៅ អាយុ៣៨ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រ និងមានទីកន្លែងកំណើតស្ថិតនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បន្ទាប់ពីគ្រោះថ្នាក់រួចជនរងគ្រោះទាំង៤នាក់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកភ្នំពេញ 2AL04-27 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករះរ៉ឺម៉កកង់បីចំនួន២គ្រឿង ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ចំពេញមួយទំហឹងលាន់ដូចរន្ទះ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោធអាធ័ម ចំណែកឯមនុស្ស៤នាក់ទៀត រួមទាំងក្មេងស្រីតូចម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។

បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែករ៉ឺម៉កកង់បីទាំងពីរ រួមទាំងរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ​Freshnews