លោក ដូណាល់ ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ នឹងមិនផ្ទុះឡើងនោះឡើយ ខណៈសព្វាវុធអាមេរិកគ្រប់ប្រភេទ ស្ថិតនៅមជ្ឈិមបូព៌ាជាស្រេច

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងមិនផ្ទុះឡើយ ខណៈនាវាផ្ទុកយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធមីស៊ីលអាមេរិកត្រូវបានដាក់ ពង្រាយរួចជាស្រេចទៅកាន់តំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការសម្គាល់បែបនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងធ្វើសង្រ្គាមដែរ ឬទេ? ខណៈលោក ត្រាំ ផ្ទាល់កំពុងទទួលស្វាគមន៍ប្រធានាធិបតីស្វីស លោក យូអេលី ម៉ូរើ (Ueli Maurer) ដែលបំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

ម្យ៉ាងវិញទៀតការលើកឡើងនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសារព័ត៌មាន Washington Post បានធ្វើសេចក្តីរាយការណ៍ថា លោក ដូណាល់ ត្រាំ ក៏ចង់ដោះស្រាយវិបត្តិបច្ចុប្បន្នជាមួយអ៊ីរ៉ង់តាមផ្លូវការទូតផងដែរ ប៉ុន្តែលោកព្រួយបារម្ភពី ទីប្រឹក្សាសន្តិសុខមួយចំនួនរបស់លោក ដែលចេះតែបញ្ចុះបញ្ចូលលោក ឱ្យធ្វើសង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់។

គួរជម្រាបថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំផ្ទាល់បានព្រមានអ៊ីរ៉ង់ថា ប្រទេសនេះនឹងត្រូវរងភាពឈឺចាប់ជាទីបំផុត បើសិនជាហ៊ានបំផ្លាញផលប្រយោជន៍អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ានោះ។ លើសពីនេះទៅទៀត ទីបញ្ជាការ កណ្ដាលកងទ័ពអាមេរិកក៏បានដាក់ឱ្យកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ផងដែរ ដោយសារការគំរាមកំហែងរបស់អ៊ីរ៉ង់ ស្របពេលមន្ត្រីទូតអាមេរិកមិនមានភារៈកិច្ចចាំបាច់ ត្រូវបានបញ្ជាឲ្យដកចេញជាបន្ទាន់ពីអ៊ីរ៉ាក់៕

ផ្តល់សិទ្ធិដោយ៖ Freshnews