BREAKING NEWS: ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមហ៊ុន GCG ASIA

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបដិសេធទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត របស់ក្រុមហ៊ុន GCG ASIA ដែលក្រុមហ៊ុននេះ ត្រូវបានសមត្ថកិច្ចចុះឆែកឆេរ និងបិទអាជីវកម្មកាលពីព្រឹកមិញ ពាក់ព័ន្ធការយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន ទៅបង្ហោះនៅលើគេហទំព័ររបស់ខ្លួនខុសច្បាប់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ធនាគារជាតិ បានបញ្ជាក់ថា «…ក្រុមហ៊ុនឈ្មោះ GCG Co., ASIA LTD បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មប្តូរប្រាក់ពីធនាគារជាតិនៃកម្ពុជា និងបានប្រើប្រាស់ឈ្មោះនិងស្លាកសញ្ញាធនាគារជាតិនៃកម្ពុជាលើគេហទំព័ររបស់ខ្លួនក្នុងគោលបំណងទុច្ចរិត»។

ធនាគារជាតិ នៃកម្ពុជា សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនធ្លាប់បានផ្តល់អាជ្ញាប័ណ្ណធ្វើ ប្រតិបត្តិការប្តូរប្រាក់ ឬអាជ្ញាប័ណ្ណណាមួយដល់ក្រុមហ៊ុន GCG Co., ASIA LTD ទេ។ ធនាគារជាតិ នៃកម្ពុជាសូមបដិសេធព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន GCG Co., ASIA LTD។

ជាមួយគ្នានេះ ធនាគារជាតិ នៃកម្ពុជា សូមអំពាវនាវឲ្យសាធារណជន ចៀសវាងពីការបោកប្រាស់ណាមួយ និងប្រុងប្រយ័ត្ន ចំពោះព័ត៌មានផ្សេងៗដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន GCG Co., ASIA LTD។ កន្លងមក ធនាគារជាតិ នៃកម្ពុជា ធ្លាប់បានជូនដំណឹងដល់សាធារណជនរួចមកហើយអំពីការមិនទទួលស្គាល់ Crypto Currencies ឬឧបករណ៍ទូទាត់ដែលមានលក្ខណៈប្រហាក់ ប្រហែល និងហានិភ័យពាក់ព័ន្ធ។

ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងកំពុងសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការក្លែងបន្លំព័ត៌មានរបស់ក្រុមហ៊ុន GCG Co., ASIA LTD តាមនីតិវិធីច្បាប់ជាធរមាន។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមហ៊ុន GCG ASIA ជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ផងដែរថា ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។

ជាមួយគ្នានេះ នៅក្នុងប្រតិបត្តិការចុះឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចក៏បានឈានទៅដល់ការបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយឈានទៅដល់ការឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំងពីរនាក់ប្ដីប្រពន្ធ យកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច មន្រ្តីធនាគារជាតិ និងមន្រ្តីគណៈកម្មការមូលបត្រកម្ពុជា ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ៕

ផ្តល់សិទ្ធិដោយ៖ Freshnews