យន្ដហោះដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ វាយប្រហារលើរោងចក្រឯកជនមួយ នៅអារ៉ាប៊ីសាអូឌីត

(រីយ៉ាដ)៖ សារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ និងមានមូលដ្ឋាន នៅក្នុងប្រទេសយ៉េមែន បានព្យាយាមវាយប្រហារលើរោងចក្រឯកជនមួយកន្លែងក្នុងខេត្ត Najran នៃប្រទេស អារ៉ាប៊ីសាអូឌីតដោយប្រើប្រាស់យន្ដហោះដ្រូនបំពាក់គ្រាប់បែក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើរបស់សារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ធ្វើឡើងដោយផ្អែកលើព័ត៌មានទទួលបានពី ក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីការខូចខាតនោះទេ ខណៈវាកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រព័ន្ធផ្សព្វផ្សាយយ៉េមែនអះអាងថាក្រុមឧទ្ទាមហ៊ូទី មានគម្រោងវាយប្រហារលើ គោលដៅជាង៣០០ទីតាំង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។

គួរបញ្ជាក់ថា នៅមុនហេតុការណ៍ខាងលើកើតឡើង ក៏មានសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយទៀតផងដែរថា ប្រព័ន្ធមីស៊ីលអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងបាញ់កម្ទេចមីស៊ីល២គ្រាប់របស់ក្រុមឧទ្ទាមហ៊ូទី តម្រង់មកកាន់ ទីក្រុង Mecca។ តែខាងក្រុមឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះបានបដិសេធ៕

ផ្តល់សិទ្ធិដោយ៖ Freshnews