លោក ដូណាល់ ត្រាំ៖ «ដរាបណាខ្ញុំនៅក្នុងសេតវិមាន ចិនគ្មានថ្ងៃអាចឡើងជាកំពូលមហាអំណាចបានដាច់ខាត»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ចិនមានគោលដៅចង់ក្លាយជាកំពូលមហាអំណាច​ នៅលើពិភពលោក ក៏ប៉ុន្តែរឿងនេះមិនអាចទៅរួចបានឡើយ ដរាបណាលោកនៅជាមេដឹកនាំរបស់សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បាននិយាយថា មុនពេលលោកឡើងកាន់អំណាច សេដ្ឋកិច្ចចិនស្ទើរតែតាមទាន់អាមេរិក ហើយនឹងអាចវ៉ាអាមេរិកថែមទៀត។ ពោលគឺបើលោកស្រី ហ៊ីលឡារី គ្លីតុន ជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ វិញនោះ សេដ្ឋកិច្ចចិនប្រហែលជារីកធំហួសសហរដ្ឋអាមេរិកឆ្ងាយបាត់ទៅហើយ នៅចុងអាណត្តិរបស់​លោកស្រី ​ប៉ុន្តែឥឡូវនេះ វាមិនបានកៀកនឹងសេដ្ឋកិច្ចរបស់អាមេរិកផង ព្រោះតែមានរូបលោក នៅក្នុងសេតវិមាន។

លោក ត្រាំ បានថ្លែងបែបនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមពាណិជ្ជកម្ម ដែល​បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៨ ខណៈកិច្ចចរចាជុំចុងក្រោយគេ ទើបតែបានបញ្ចប់ទៅនៅទីក្រុងវ៉ាស៊ីនតោន ដោយមិន​ទទួលបានលទ្ធផលអ្វី ហើយសេតវិមាន បានសម្រេចអនុវត្តន៍ការដំឡើងពន្ធលើ ទំនិញចិនទំហំ២០០ពាន់លានដុល្លារ រីឯទីក្រុងប៉េកាំងវិញក៏​បានប្រកាសថា នឹងដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ពាន់លានដុល្លារ។

កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារដែរថា ទីក្រុងប៉េកាំងកំពុងស្រមៃចង់ឲ្យអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលលោកហៅថាជាបុគ្គលអសកម្មម្នាក់ ឬក៏បេក្ខភាពដទៃទៀតមកពីបក្សប្រជាធិបតេយ្យអាមេរិក ជាប់ជា​​ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ដើម្បីអាចងាយនឹងចរចាបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងដើរខ្សែលើអាមេរិកបាន​ឡើងវិញ៕

ផ្តល់សិទ្ធិដោយ៖ Freshnews