បិតាស្ថាបនិក៖ «ក្រុមហ៊ុន Huawei មិនគួររងសម្ពាធធ្ងន់ធ្ងរ ដោយសារតែខ្លួនកំពុងឈានមុខគេ លើវិស័យបច្ចេកវិទ្យានោះឡើយ»

(ប៉េកាំង)៖ លោក រិន ចេងហ្វ៊ៃ (Ren Zhengfei) ដែលជាបិតាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នាថ្ងៃអង្គារនេះបានលើកឡើងថា ក្រុមហ៊ុនរបស់លោកមិនគួរទទួលរងការដាក់សម្ពាធ និងធ្វើបាបដោយសារតែ កំពុងឈានមុខក្នុងវិស័យបច្ចេកវិទ្យាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Ren បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើង គឺផ្តល់ប្រយោជន៍ដល់មនុស្សជាតិទាំងមូល ជាពិសេសនោះគឺឧបករណ៍បច្ចេកវិទ្យា Network ជំនាន់ថ្មីបំផុត 5G របស់ Huawei ដែលនឹងជួយកាត់បន្ថយការចំណាយយ៉ាងច្រើនសម្បើម នៃការកសាងបណ្តាញទូរគមនាគមន៍ នៅទូទាំងសកលលោក»។

គួរជម្រាបថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលអាមេរិកបានសម្រេចកត់ឈ្មោះក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ នៅចំពោះមុខការជាប់គាំងក្នុងការស្វែងរកដំណោះស្រាយ សម្រាប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ទាក់ទិននឹងការដាក់បម្រាមនេះ លោក Ren បានបញ្ជាក់ថា វាមិនប៉ះពាល់ដល់វិស័យ 5G របស់ Huawei ឡើយ៕

ផ្តល់សិទ្ធិដោយ៖ Freshnews