មន្រ្តីយោធាម្នាក់ បាញ់សម្លាប់ខ្លួនខ្លួនឯង នៅក្នុងបន្ទាយកងពលតូចលេខ៥៣

(បាត់ដំបង)៖ មន្រ្តីយោធាម្នាក់ ដោយសារតែជម្ងឺសរសៃប្រសាទ បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទាយកងពលតូចលេខ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីម្សិលមិញ។

តាមរបាយការណ៍សមត្ថកិច្ច ដែលអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុ នៅវេលាម៉ោង១៣៖២៥នាទី លោកអនុសេនីយ៍ឯក ធិប ខុម បានចាក់សោចូលបោសសំអាតឃ្លាំងអាវុធ AK។ ពេលដែលបោសសំអាតឃ្លាំង គឺមានតែម្នាក់ឯងទេ រួចបានយកសំរាមចោល ស្រាប់តែពេលនោះ ជនរងគ្រោះ ឡុច បញ្ញា បានរត់ចូលក្នុងឃ្លាំងអាវុធ ហើយទាញទ្វារក្នុងឃ្លាំងបិទចាក់សោពីក្នុង រួចយកកាំភ្លើង AK-47 បាញ់សម្លាប់ខ្លួនឯងតែម្តង។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ករណីនេះបានកើតហេតុ និងឮសូរផ្ទុះអាវុធចំនួន ៤គ្រាប់ នៅក្នុងឃ្លាំងកងអនុសេនាធំបញ្ជួនសារ នៃកងពលតូចថ្មើជើងលេខ៥៣។

បើតាមទាហាននៅកន្លែងធ្វើការជាមួយជនរងគ្រោះ បានបញ្ជាក់ មូលហេតុ នៃការបាញ់សម្លាប់ខ្លួន ក៏ដោយសារជនរងគ្រោះមានជម្ងឺប្រចាំខ្លួន (ជម្ងឺសរសៃប្រាសាទ)៕

ផ្តល់សិទ្ធិដោយ៖ Freshnews