ផ្សារទំនើបតម្លៃជិត១០លានដុល្លារដំបូងគេ នៅក្រុងព្រះសីហនុ គ្រោងបើកដំណើរការនៅចុងខែកញ្ញាខាងមុខនេះ!

(ភ្នំពេញ)៖ ផ្សារទំនើបដំបូងគេ នៅក្រុងព្រះសីហនុ FURI TIME SQUARE ដែលមានតម្លៃជិត១០លានដុល្លារអាមេរិក គ្រោងបើកដំណើរការនៅចុងខែកញ្ញា ឆ្នាំ២០១៩ ខណៈគម្រោងនេះជួលបានជាង៩០ភាគរយហើយ។ កញ្ញា លឹម សុខាដាវីន នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FUTRI Real Estate បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះថា «តាមរយៈការជួបជុំជាមួយអតិថិជនកាលពីល្ងាច ថ្ងៃទី២០ ឧសភាកន្លងមកនេះ យើងបានទទួលបានយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ ដោយសារផ្សារនេះផ្តោតលើការរៀបចំប្រព័ន្ធនៃការលក់ទូលាយល្អ មានទីធ្លាសាធារណៈធំទូលាយ ការឌីហ្សាញមានភាពទាក់ទាញ និងទីតាំងនៃគម្រោងនេះល្អ»។

ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ នាយកផ្នែកទីផ្សាររូបនេះបានបន្តថា «ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្ន កវិនិយោគផ្សារទំនើបនេះ ផ្តោតលើការវិនិយោគរយៈពេលវែង ជាជាងរកផលចំណេញ។ រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀត កំពុងដំណើរការនិតិវិធី»។

ផ្សារទំនើប FURI TIME SQUARE ក៏មានការវិនិយោគលើ Sky Bar ទំនើបជាងគេ នៅក្នុងក្រុងព្រះសីហនុ ដោយគ្រាន់តែ Sky Bar នេះ វិនិយោគអស់ទឹកប្រាក់ជាង១លានដុល្លារអាមេរិក។ កញ្ញា លឹម សុខាដាវីន បន្ថែមថា ជាមួយនឹងភាពអំណោយផលនៃទីតាំង កំណើនប្រជាសាស្រ្ត និងកំណើននៃការវិនិយោគនៅខេត្តព្រះសីហនុ បានធ្វើឲ្យគំរោងនេះ សម្រេចបានជោគជ័យលើសការរំពឹងទុក ដោយពេលបើកដំណើរការសាកល្បង នៅចុងខែកញ្ញាខាងមុខនេះ ទីតាំងលក់ទំនិញ និងសេវាកម្មប្រមាណ៨០ភាគរយ នឹងបើកដំណើរការ រួមទាំងរោងភាពយន្តផងដែរ។

កាលពីពេលថ្មីៗនេះ ផ្សារទំនើបនេះបានទទួលពានរង្វាន់ជាផ្សារ ដែលមានការឌីហ្សាញដ៏ទាក់ទាញបំផុតពីកម្មវិធី Cambodia Property Award ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ អតិថិជនអាចទាក់ទង តាមទូរស័ព្ទលេខ ០១១ ២៩៩ ៩៧៥ សម្រាប់ការជួលស្តង់លក់បន្ថែម នៅផ្សារទំនើបដំបូងគេនេះ៕ ប្រភព៖ Freshnews