គណៈកម្មាធិការអន្តរក្រសួង ប្រជុំដោះស្រាយបញ្ហាទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ

(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរក្រសួង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំមួយ ដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ស្តីពី បញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការអន្តរក្រសួង ដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងមានវត្តមានចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល, ក្រុងព្រះសីហនុ មានសន្ទុះអភិវឌ្ឍន៍លឿន ដោយមាន កំណើនសកម្មភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេស កំណើនក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ។ ទន្ទឹមនេះ កាកសំណល់រឹង-រាវ ក៏មានសន្ទុះកើនឡើងផងដែរ។ ដោយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនអាចទ្រទ្រង់បាន គួប ផ្សំនឹងមានកំណើនទឹកកខ្វក់យ៉ាងគំហុក ហើយផ្ទៃរងទឹកភ្លៀងរួមតូចផងនោះ ទឹកកខ្វក់មួយ ភាគបានហូរតាមអូរធម្មជាតិ ចាក់ទៅសមុទ្រ ដែលបានបណ្តាលឲ្យប៉ះពាល់ដល់បរិស្ថាន និងទេសភាពតំបន់ឆ្នេរ សមុទ្រនៅក្រុងព្រះសីហនុ។

កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចាត់វិធានការឆ្លើយតបជាបន្ទាន់ ចំពោះបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនៅក្រុងព្រះសីហនុ ដោយបានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន ៤កន្លែង ដែលអាច បូមបាន ២៥ ០០០ ម៣/ថ្ងៃ ដើម្បីបូមទឹកកខ្វក់បញ្ជូនទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ទំនប់បង្ហៀរចំនួន ៤ កន្លែង សម្រាប់ស្ទាក់ច្រោះកាកសំណល់មុននឹងបញ្ជូនទៅសមុទ្រតាម ពយ ០៣៩ ។ ដំណោះស្រាយនេះ បានជួយស្តារបញ្ហា បរិស្ថាននៅឆ្នេរសមុទ្រក្រុងព្រះសីហនុទាន់សភាពការណ៍ ។

ដើម្បីថែរក្សាឆ្នេរសមុទ្រក្រុងព្រះសីហនុ ឲ្យនៅល្អស្អាតដូចដើម និងដាក់ចេញនូវកញ្ចប់វិធានការគ្រប់ជ្រុងជ្រោយ ដែលអាចធានា បាននូវការអភិវឌ្ឍទីក្រុងព្រះសីហនុប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការបែងចែក ធនធានថវិកាជាតិប្រកបដោយស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព ចីរភាព យុត្តិធម៌ និងសមធម៌ អង្គប្រជុំបានជជែកពិភាក្សាលម្អិត លើសំណើវិធានការណ៍ដោះស្រាយបន្ទាន់, ការគិតគូររៀបចំផែនការមេ និងផែនការវិនិយោគរយៈពេលមធ្យមនិងវែង, ការធ្វើហិរញ្ញប្បទាន និងប្រភពថវិកា, ព្រមទាំងការរៀបចំសម្របសម្រួលយន្តការស្ថាប័ន និងគោលការណ៍ដើម្បីធានា និរន្តរភាពប្រតិបត្តិការ។

អង្គប្រជុំ បានឯកភាពជាគោលការណ៍ឲ្យចាត់វិធានការបន្ទាន់ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយ បញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុ ដោយធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានស្រាប់ឲ្យមានសមត្ថភាពច្រោះ ទឹកកខ្វក់ បានដល់ ៣០ ០០០ ម៣/ថ្ងៃ, សាងសង់ស្ថានីយ៍បូមទឹកកខ្វក់បន្ថែមទៀត, រៀបចំប្រព័ន្ធលូ, និងបំពាក់ឧបករណ៍ និងសម្ភារៈ ។

ទន្ទឹមនេះ, ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងព្រះសីហនុ, អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដែលបម្រើដល់កិច្ចប្រជុំ ហើយដែលមានការពាក់ព័ន្ធជាមួយកញ្ចប់វិធានការដោះស្រាយទឹកកខ្វក់។ អង្គប្រជុំ បានស្នើឲ្យក្រសួង-ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងមាន វិធានការម៉ឺងម៉ាត់ចំពោះការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅធានាបានទាំងសណ្តាប់ធ្នាប់សាធារណៈ និង បញ្ចៀសឲ្យបាននូវផលប៉ះពាល់បរិស្ថាន និងទ្រព្យសម្បត្តិសាធារណៈដោយសារការរំលោភបំពាន ។

តាមរយៈការឆ្លុះបញ្ចាំងនូវបទពិសោធន៍ពីប្រទេសក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់នេះ, អង្គប្រជុំក៏ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការទទួលខុសត្រូវលើបញ្ហា, ភាពម្ចាស់ការ, និងការរួមចំណែករបស់រដ្ឋបាលមូលដ្ឋាន ក៏ដូចជាការរួមវិភាគទានមិនអាចខ្វះបានពីសំណាក់អ្នកប្រើប្រាស់សេវាទាំងអស់ ដើម្បីទ្រទ្រង់ដល់ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំធំ និងថ្លៃប្រតិបត្តិការថែទាំ សំដៅធានាបាននូវទីក្រុងមួយដែលមានផាសុកភាព និង បរិស្ថានល្អ៕

ផ្តល់សិទ្ធិដោយ៖ Freshnews