ក្រឡាប់សាឡាងមួយគ្រឿង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក នៅស្រុកឆ្លូង ខេត្តក្រចេះ

(ក្រចេះ)៖ សាឡាងចម្លងមួយគ្រឿង ដែលដឹកអ្នកដំណើរឆ្លងទៅមករាល់ថ្ងៃ ពីពង្រទៅកោះតាស៊ុយ ត្រូវបានក្រឡាប់លិចធ្លាក់ឡានដឹកដីចូលក្នុងទន្លេ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ម្ចាស់សាឡាងមានឈ្មោះ សុះ សប់ព្រី រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះបណ្ដាលមកពីរថយន្ដម៉ាក HiNo ចំនួន២គ្រឿង ដែលមានម្ចាស់ឈ្មោះសេង គីម ចាំង ដឹកដីពេញឡានឆ្លងពីពង្រ ទៅកោះតាស៊ុយ បានរអិលកង់មកខាងឆ្វេងទាំងពីរ បណ្ដាលឲ្យក្រឡាប់តែម្ដង។ លោកបញ្ជាក់ថា រថយន្ដទាំងពីរគ្រឿង និងម៉ូតូ១គ្រឿងត្រូវធ្លាក់ចូលក្នុងទន្លេផងដែរ។

លោកអភិបាលរង បន្ដទៀតថា ក្នុងហេតុការណ៍ក្រឡាប់សាឡាងនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ គ្រាន់តែធ្លាប់រថយន្ដពីរគ្រឿង និងម៉ូតូមួយគ្រឿងចូលក្នុងទន្លេ។ ម្ចាស់រថយន្ដ បានស្ទួចយករថយន្ដមកវិញ ហើយក៏បានសម្រុះសម្រួលគ្នារួចអស់ដែរ មិនមានការប្ដឹងផ្តល់គ្នានោះទេ៕

ផ្តល់សិទ្ធិដោយ៖ Freshnews