ក្រោយចេញមុខប្តឹងទារសំណង ៣ម៉ឺនដុល្លារពីអ្នកចម្រៀង, ថៅកែខនស៊ឺតចេញមកច្រានចោល និងបដិសេធការប្រើហិង្សា

(ភ្នំពេញ)៖ បន្ទាប់ពីមាននារីជាអ្នកចម្រៀង តាមកម្មវិធីប្រគំតន្រ្តីម្នាក់ ប្ដឹងថៅកែរបស់ខ្លួន ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដោយទាមទារជំងឺចិត្តចំនួន ៣ម៉ឺនដុល្លារ ក្រោមការចោទថា បានប្រើអំពើហិង្សាលើខ្លួន និងតាមយាយីឈ្នានីសគ្រប់បែបយ៉ាង ព្រោះតែសុំស្នេហ៍នាងមិនបាននោះ នៅពេលនេះបុរសជាថៅកែរូបនោះ បានចេញមុខច្រានចោលទាំងស្រុង ដោយបានអះអាងថា នារីជាតារាចម្រៀង ឈ្មោះ ប្រាក់ ផាន់នី ហៅអមរា ជាស្រីកំណាន់ចិត្តរបស់ខ្លួន និងបានរស់នៅជាមួយគ្នា ដូចជាប្ដីប្រពន្ធរយៈពេលជាងពីរឆ្នាំមកហើយ។

លោក ហុង ហ្សែន ជាថៅកែខនស៊ឺតខ្នាតតូចម្នាក់ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះថា តាមការពិតរូបលោក និងនារីជាតារាចម្រៀងឈ្មោះ ប្រាក់ ផាន់នី ហៅអមរា បានទាក់ទងស្រឡាញ់គ្នា ដូចជាប្ដីប្រពន្ធរយៈពេលជាង ២ឆ្នាំមកហើយ ដោយលោកបានផ្ចុងផ្ដើមឲ្យនាង មានការងារធ្វើ មានអាជីពជាតារាចម្រៀង ក្នុងវង់តន្រ្តីរបស់លោក និងបានច្រៀងស្ទើរតែគ្រប់កម្មវិធីទាំងអស់។ លោកបន្តថា ជាធម្មតាទេ ការរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធ តែងតែប៉ះពាក្យប៉ះសម្ដីគ្នាជាធម្មតា ប៉ុន្តែបើនិយាយថា លោកប្រើហិង្សា រហូតដល់មានរបួសស្នាមដេរជាច្រើនថ្នេរនោះគឺគ្មានទេ។

លោកថៅកែដែលមានប្រពន្ធ និងកូនស្រី ២នាក់រួចទៅហើយ និងមកមានទំនាក់ទំនងជាមួយកូនចៅរបស់ខ្លួនរូបនោះ បានបន្តទៀតថា ចំពោះការលើឡើងថា លោកតាមគំរាម ឬតាមឈ្នានីស មិនឲ្យនាងមានក្ដីសុខនោះ គឺមិនពិតទាល់តែសោះ ពោលគឺលោកមានតែប្រាប់ថា បើទៅមានអ្នកថ្មីត្រូវចេះប្រយ័ត្នខ្លួន ថែរក្សាខ្លួន ដោយលោកមិនបានតាមរករឿង មានតែជូនពរឲ្យមានក្ដីសុខ ជាមួយអ្នកថ្មី។ យ៉ាងណាមិញ អ្វីដែលនាំឲ្យនារីជាអ្នកចម្រៀងប្ដឹងរូបលោក គឺដោយសារតែមានអ្នកទី៣ នៅពីក្រោយខ្នង ហើយអ្នកទី៣នោះ ជាសង្សាររបស់នាងជាអ្នកជម្រុញឲ្យធ្វើរឿងនេះ។

លោកបន្តថា តាមលោកដឹងច្បាស់ ប្រាក់ ផាន់នី ហៅអមរា ក៏នៅមានមនោសញ្ចេតនាស្រឡាញ់រូបលោក និងមិនចង់ឲ្យមានរឿងវែងឆ្ងាយទៀតដែរ ព្រោះតែនាងគិតថា ធ្លាប់ជាប្ដីប្រពន្ធនឹងគ្នា និងបានដឹងច្បាស់ពីចិត្តគ្នាទៅវិញទៅមក អស់ទៅហើយ។

ការចេញមុខច្រានចោលចំពោះករណីនេះ បានកើតមានឡើង បន្ទាប់ពីកញ្ញា ផាន់នី បានចោទលោកថៅកែរបស់ខ្លួនថា បានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង ១ឆ្នាំមកហើយ តែនាងមិនព្រមក៏ព្រោះដឹងថា គាត់មានប្រពន្ធ និងកូន ២នាក់រួចទៅហើយ ធ្វើឲ្យលោកថៅកែតាមឈ្នានីស និងរហូតប្រើហិង្សាទៀតផង។

នាងថា ដោយទ្រាំទង្វើហិង្សាមិនបានតទៅទៀត កញ្ញា ផាន់នី ក៏សម្រេចដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីជួយដោះស្រាយជូននាង និងចាត់ការតាមច្បាប់ ទៅលើថៅកែរបស់ខ្លួន ដែលជាជនបង្ក និងទាមទារសំណងជំងឺចិត្តរហូតដល់ ៣ម៉ឺនដុល្លារ។

លោក ស សោភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ បានប្រាប់អ្នកយកព័ត៌មានថា លោកពិតជាបានទទួលពាក្យបណ្ដឹងពីកញ្ញា ប្រាក់ ផាន់នី ប្រាកដមែន តែដោយរកដំណោះស្រាយ រវាងភាគីទាំងពីរ មិនបាន លោកក៏បានបញ្ជូនសំណុំរឿងនេះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តរួចហើយដែរ៕