សាមសុង បង្កើតកម្មវិធីសង្គម “SAMSUNG ONE WEEK” ដើម្បីពង្រឹងភាពវៃឆ្លាតនិងការអភិវឌ្ឍន៍ដល់កុមារកម្ពុជា

ភ្នំពេញ៖ នេះគឺជាកម្មវិធីសង្គមមួយដែលមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន
សាមសុង ជាច្រើនរូបបានប្រព្រឹត្តទៅនៅសាលាមត្តេយ្យ ៨ មីនា ក្នុងរាជធានីភ្នំពេញរយៈពេល ១ សប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ ៦ ខែកក្កដា ឆ្នាំ ២០១៩។

សកម្មភាពសំខាន់ៗក្នុងរយៈពេល ១ សប្តាហ៍នេះគឺផ្តោតទៅលើការពង្រឹង និងការអភិវឌ្ឍន៍បញ្ញារបស់កុមារ ដែលជម្រុញការគិតដល់សិស្សានុសិស្សដែលមានអាយុ ៥ ដល់ ៧ ឆ្នាំ ឱ្យមានភាពកាន់វៃឆ្លាត។

កម្មវិធីនេះរៀបចំឡើងតាមបែបសិស្សមជ្ឈមណ្ឌល ឬ “Student-Centered” ជាមួយនឹងកម្មវិធីសិក្សាចំនួន ៧ ធ្វើយ៉ាងណាផ្តល់ជូននូវ “ការអភិវឌ្ឍន៍ផ្នែកបញ្ញា ដើម្បីបង្កើនភាពវៃឆ្លាតរបស់កុមារឱ្យកាន់តែប្រសើរឡើង”។ អ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុន សាមសុង បានជ្រើរើស សាលាមត្តេយ្យ ៨ មីនា ជាសាលាដ៏វៃយឆ្លាត ឬ
(Smart School) ដោយបានផ្តល់ជូន ថេបប៊្លេត(Tablet) ដល់សាលា ដើម្បីឱ្យគណៈគ្រប់គ្រងអាចបន្តហ្វឹកហាត់ និងអភិវឌ្ឍន៍កម្មវិធីនេះបន្ថែមទៀតទៅដល់សិស្សានុសិស្សទាំងអស់នៅពេលខាងមុខ ។

កម្មវិធីសង្គមមួយនេះមិនគ្រាន់តែផ្តល់នូវអត្ថប្រយោជន៍ដល់សិស្សានុសិស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកអប់រំ បណ្តុះបណ្តាលទាំងអស់ក្នុងការរៀនសូត្រពីវិធីសាស្រ្តបង្រៀនថ្មីៗទំនើបទាន់សម័យសម្រាប់ពេលខាងមុខផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនៃការពង្រឹងដល់បញ្ញា និងភាពវៃឆ្លាតគឺជាដំណើរការដែលសិស្សានុសិស្សទាំងអស់អាចរៀនដើម្បីស្វែងយល់ហេតុផល ដំណោះស្រាយបញ្ហា និងការពិចារណាបានយ៉ាងល្អត្រឹមត្រូវ ព្រមទាំងអាចជួយដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់កុមារ ឲ្យបានប្រសើរជាងមុននៅថ្ងៃអនាគត។

បើយោងតាម លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងពិតជាសប្បាយចិត្តក្នុងការផ្តល់នូវកម្មវិធីដែលជួយដល់សង្គម (CSR) សម្រាប់ព្រះរាជាណាចក្រកម្ពុជាម្តងទៀត។ ហើយក្នុងនាមជាក្រុមហ៊ុនដែលឈានមុខគេក្នុងពិភពលោកគឺមានគោលបំណងដើម្បីកែប្រែជីវិតក្នុងការរស់នៅឱ្យកាន់តែប្រសើរឡើងដល់សហគមន៍ជាច្រើនជុំវិញពិភពលោកតាមរយៈការផ្តល់នូវបទពិសោធន៍ជំនាញ និងទេពកោសល្យរបស់បុគ្គលិកយើងទាំងអស់គ្នា” ។

“ជាការពិតណាស់នេះគឺជាសកម្មភាពមួយដ៏ចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជាស្របពេលដែលស្ថានភាពសង្គមបច្ចុប្បន្នត្រូវការធនធានមនុស្សដែលមានសមត្ថភាពដើម្បីអភិវឌ្ឍន៍សង្គម។ ដូច្នេះកម្មវិធីដែលក្រុមហ៊ុន សាមសុង ធ្វើនៅពេលនេះគឺពិតជាគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា”។ ជាថ្មីម្តងទៀតកម្មវិធី Samsung One Week គឺជាផ្នែកមួយនៃកម្មវិធី បុគ្គលិកស្ម័គ្រចិត្តអន្តរជាតិ ដែលស្ថិតនៅក្រោមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន សាមសុង ផងដែរ។

ប្រទេសកម្ពុជាគឺជាប្រទេសគោលដៅទី១ ក្នុងចំណោមប្រទេសគោលដៅជាច្រើនទៀតសម្រាប់បុគ្គលិកស្ម័គ្រចិត្ត ដែលនឹងធ្វើដំណើរជុំវិញពិភពលោកដែលក្នុងនោះមានដូចជាប្រទេស ថៃ ឥណ្ឌូណេស៊ី កាហ្ស៉ាកស្ថាន ណេប៉ាល់ និងប្រទេស ហុងគ្រី ដើម្បីបំពេញនូវប៉េសកកម្មរបស់ពួកគេ។

គូសបញ្ជាត់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសសម្រាប់សកម្មភាពសង្គមដ៏មានអត្ថន័យ និងសារៈសំខាន់បំផុត ពីក្រុមហ៊ុន សាមសុង។ គួររំឭកផងដែរថាកាលពីឆ្នាំ ២០១៦ ប្រទេសកម្ពុជាយើងត្រូវបានជ្រើសរើសសម្រាប់កម្មវិធី Samsung Electronic CSR ដែលស្ថិតក្រោមគម្រោង “Education and Computer Literacy” ដោយផ្តោតលើការបណ្តុះបណ្តាលយុវជនទៅលើជំនាញ ព័ត៌មានវិទ្យា និងភាពជាសហគ្រិន រួចមកហើយផងដែរ។

ជាចុងក្រោយក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមោះមុតថាខ្លួននឹងនៅតែជម្រុញការអភិវឌ្ឍន៍ដល់សហគមន៍តាមរយៈផ្តល់ការសិក្សា និងបណ្តុះបណ្តាលដើម្បីបង្កើននូវជំនាញ ចំណេះដឹង និងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ” ។